عن تميم الداري رضي الله عنه أن النبي صلى الله عليه وسلم قال:
«الدِّينُ النَّصِيحَةُ» قُلْنَا: لِمَنْ؟ قَالَ: «لِلهِ وَلِكِتَابِهِ وَلِرَسُولِهِ وَلِأَئِمَّةِ الْمُسْلِمِينَ وَعَامَّتِهِمْ».

[صحيح] - [رواه مسلم] - [صحيح مسلم: 55]
المزيــد ...

អំពី តាមីម អាត់ទើរី رضي الله عنه ពិតណាស់ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖
“សាសនា គឺជាការអប់រំទូន្មាន”។ ពួកយើងបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! ដើម្បីអ្នកណាទៅ? លោកបានឆ្លើយថា៖ “ដើម្បីអល់ឡោះ ដើម្បីគម្ពីររបស់ទ្រង់ ដើម្បីអ្នកនាំសាររបស់ទ្រង់ ដើម្បីមេដឹកនាំអ៊ីស្លាម និងប្រជាពលរដ្ឋទូទៅ”។

[صحيح] - [رواه مسلم] - [صحيح مسلم - 55]

Explanation

ណាពី ﷺ លោកបានបញ្ជាក់ប្រាប់ថា ជាការពិតណាស់ សាសនាឥស្លាមឈរឡើងនៅលើភាពជ្រះថ្លា(អៀខ្លើស) ភាពស្មោះត្រង់ និងការចេះទូន្មានដាស់តឿនគ្នា ដើម្បីឲ្យគេអាចបំពេញកាតព្វកិច្ចទាំងឡាយដែលអល់ឡោះជាម្ចាស់ទ្រង់បានបង្គាប់ប្រើដោយពេញលេញ មិនមានការខ្វះខាត និងមិនមានការបោកប្រាស់។
ពេលនោះ មានគេសួរទៅកាន់ណាពី ﷺ ថា៖ តើការទូន្មាននោះសម្រាប់អ្នកណា? លោកបានឆ្លើយថា៖
ទីមួយ៖ ការទូន្មាននោះ គឺសម្រាប់អល់ឡោះជាម្ចាស់៖ តាមរយៈការមានភាពជ្រះថ្លា(អៀខ្លើស)ក្នុងការគោរពសក្ការៈចំពោះទ្រង់ និងមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ ហើយត្រូវមានជំនឿចំពោះភាពជាម្ចាស់នៃការបង្កើត(រូពូពីយ៉ះ) ភាពជាម្ចាស់ដែលគេត្រូវគោរពសក្ការៈ(អ៊ូលូហ៊ីយ៉ះ) និងមានជំនឿចំពោះបណ្តាព្រះនាមនិងលក្ខណៈសម្បត្តិរបស់ទ្រង់ ព្រមទាំងលើកតម្កើងបទបញ្ជារបស់ទ្រង់ និងអំពាវនាវទៅកាន់ការមានជំនឿចំពោះទ្រង់។
ទីពីរ៖ ការទូន្មាននោះ គឺសម្រាប់គម្ពីររបស់ទ្រង់ ពោលគឺគម្ពីរគួរអាន៖ ដោយត្រូវមានជំនឿថា វាជាបន្ទូលរបស់អល់ឡោះ ជាគម្ពីរចុងក្រោយគេបង្អស់របស់ទ្រង់ និងមានជំនឿថា វាជាគម្ពីរមួយដែលនិរាករណ៍នូវច្បាប់បញ្ញត្តិទាំងអស់ដែលមានមុនគម្ពីរនេះ ហើយត្រូវលើកតម្កើងគម្ពីរនេះ ត្រូវសូត្រវាដោយដ៏ពិតប្រាកដ និងអនុវត្តតាមអត្ថន័យដ៏ច្បាស់លាស់នៃគម្ពីរនេះ ហើយប្រគល់ទៅកាន់អល់ឡោះនូវអាយ៉ាត់ដែលមានអត្ថន័យមិនច្បាស់លាស់ ការពារវាពីការបកស្រាយរបស់អ្នកដែលបំភ្លៃ និងត្រូវយកជាមេរៀនពីដំបូន្មានទាំងឡាយរបស់វា ចែកចាយនូវចំណេះដឹងរបស់វា ព្រមទាំងអំពាវនាវទៅកាន់វា។
ទីបី៖ ការទូន្មាននោះ គឺសម្រាប់អ្នកនាំសាររបស់ទ្រង់ មូហាំម៉ាត់ ﷺ ៖ ដោយត្រូវមានជំនឿថា លោកជាអ្នកនាំសារចុងក្រោយបង្អស់របស់អល់ឡោះ ជឿជាក់ចំពោះព័ត៌មានទាំងឡាយដែលលោកបាននាំមក អនុវត្តនូវបទបញ្ជាទាំងឡាយដែលលោកបង្គាប់ប្រើ និងចៀសវាងពីប្រការទាំងឡាយដែលលោកហាមឃាត់ ហើយមិនត្រូវគោរពសក្ការៈចំពោះអល់ឡោះឡើយ លើកលែងតែអ្វីដែលលោកបាននាំមក ត្រូវលើកតម្កើងសិទ្ធិរបស់លោក គោរពឲ្យតម្លៃរូបលោក ផ្សព្វផ្សាយការអំពាវនាវ និងច្បាប់បញ្ញត្តិរបស់លោក ហើយប្រឆាំងចំពោះការចោទប្រកាន់ទៅលើលោក។
ទីបួន៖ ការទូន្មាននោះ គឺសម្រាប់មេដឹកនាំឥស្លាម៖ តាមរយៈការជួយដល់មេដឹកនាំលើប្រការត្រឹមត្រូវ និងមិនត្រូវប្រឆាំងមេដឹកនាំ ត្រូវគោរពតាមមេដឹកនាំនូវអ្វីដែលស្របទៅតាមច្បាប់បញ្ញត្តិរបស់អល់ឡោះ។
ទីប្រាំ៖ ការទូន្មាននោះ គឺសម្រាប់អ្នកឥស្លាមទូទៅ៖ តាមរយៈការធ្វើល្អទៅកាន់ពួកគេ អំពាវនាវពួកគេ ការពារប្រការគ្រោះថ្នាក់ពីពួកគេ ស្រឡាញ់ពេញចិត្តចង់ឲ្យពួកគេបានល្អ និងសហការគ្នាជាមួយពួកគេលើប្រការល្អនិងការកោតខ្លាចអល់ឡោះ។

Benefits from the Hadith

  1. បង្គាប់ប្រើឲ្យធ្វើការទូន្មានទៅកាន់មនុស្សគ្រប់គ្នា។
  2. ឋានៈនៃការទូន្មានណែនាំគ្នាក្នុងសាសនាឥស្លាម។
  3. សាសនាឥស្លាមគ្របដណ្តប់លើគោលជំនឿ ពាក្យសម្តី និងទង្វើ។
  4. ដំបូន្មានដែលស្មោះស គឺរាប់បញ្ចូលទាំងការសម្អាតខ្លួនពីការបោកប្រាស់ទៅចំពោះបុគ្គលដែលត្រូវបានណែនាំ និងចង់ឲ្យគេបានល្អ។
  5. ការបង្រៀនដ៏ល្អប្រពៃរបស់រ៉ស៊ូលុលឡោះ ﷺ ដោយលោកបានលើកឡើងពីអ្វីមួយជាលក្ខណៈរួមជាមុន។ បន្ទាប់មក ទើបលោកធ្វើការបកស្រាយជាលក្ខណៈលម្អិត។
  6. ចាប់ផ្តើមពីអ្វីដែលសំខាន់ជាងគេមុន ដោយណាពី ﷺ លោកចាប់ផ្តើមដោយការទូន្មានសម្រាប់អល់ឡោះ រួចមក សម្រាប់គម្ពីររបស់ទ្រង់។ បន្ទាប់មក សម្រាប់អ្នកនាំសាររបស់ទ្រង់ ﷺ។ ក្រោយមក សម្រាប់មេដឹកនាំឥស្លាម។ ក្រោយមកទៀត គឺការទូន្មានសម្រាប់អ្នកឥស្លាមទូទៅ។
View Translations
Language: English Urdu Spanish More ... (66)
More ...