1. ទំព័រ​ដេីម
  2. បញ្ជីទាំងអស់
  3. Virtues and Manners

ហាទីស្ហ “ពិតប្រាកដណាស់ ក្នុងចំណោមប្រការដែលខ្ញុំខ្លាចបំផុតចំពោះពួកអ្នកបន្ទាប់ពីខ្ញុំស្លាប់ទៅ គឺអ្វីដែលគេនឹងបើកបង្ហាញសម្រាប់ពួកអ្នកនៃភាពស្រស់បំព្រងរបស់លោកិយ និងគ្រឿងលម្អរបស់វា”។

عَنْ أَبٍي سَعِيدٍ الخُدْرِيَّ رَضِيَ اللَّهُ عَنْهُ:
أَنَّ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ جَلَسَ ذَاتَ يَوْمٍ عَلَى المِنْبَرِ وَجَلَسْنَا حَوْلَهُ، فَقَالَ: «إِنِّي مِمَّا أَخَافُ عَلَيْكُمْ مِنْ بَعْدِي، مَا يُفْتَحُ عَلَيْكُمْ مِنْ زَهْرَةِ الدُّنْيَا وَزِينَتِهَا» فَقَالَ رَجُلٌ: يَا رَسُولَ اللَّهِ، أَوَيَأْتِي الخَيْرُ بِالشَّرِّ؟ فَسَكَتَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، فَقِيلَ لَهُ: مَا شَأْنُكَ؟ تُكَلِّمُ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ وَلاَ يُكَلِّمُكَ؟ فَرَأَيْنَا أَنَّهُ يُنْزَلُ عَلَيْهِ؟ قَالَ: فَمَسَحَ عَنْهُ الرُّحَضَاءَ، فَقَالَ: «أَيْنَ السَّائِلُ؟» وَكَأَنَّهُ حَمِدَهُ، فَقَالَ: «إِنَّهُ لاَ يَأْتِي الخَيْرُ بِالشَّرِّ، وَإِنَّ مِمَّا يُنْبِتُ الرَّبِيعُ يَقْتُلُ أَوْ يُلِمُّ، إِلَّا آكِلَةَ الخَضْرَاءِ، أَكَلَتْ حَتَّى إِذَا امْتَدَّتْ خَاصِرَتَاهَا اسْتَقْبَلَتْ عَيْنَ الشَّمْسِ، فَثَلَطَتْ وَبَالَتْ، وَرَتَعَتْ، وَإِنَّ هَذَا المَالَ خَضِرَةٌ حُلْوَةٌ، فَنِعْمَ صَاحِبُ المُسْلِمِ مَا أَعْطَى مِنْهُ المِسْكِينَ وَاليَتِيمَ وَابْنَ السَّبِيلِ - أَوْ كَمَا قَالَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ - وَإِنَّهُ مَنْ يَأْخُذُهُ بِغَيْرِ حَقِّهِ، كَالَّذِي يَأْكُلُ وَلاَ يَشْبَعُ، وَيَكُونُ شَهِيدًا عَلَيْهِ يَوْمَ القِيَامَةِ».

អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه ថា៖
ពិតណាស់នៅថ្ងៃមួយ ណាពី ﷺ លោកបានអង្គុយនៅលើមិមពើរ ហើយពួកយើងបានអង្គុយជុំវិញលោក។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ ក្នុងចំណោមប្រការដែលខ្ញុំខ្លាចបំផុតចំពោះពួកអ្នកបន្ទាប់ពីខ្ញុំស្លាប់ទៅ គឺអ្វីដែលគេនឹងបើកបង្ហាញសម្រាប់ពួកអ្នកនៃភាពស្រស់បំព្រងរបស់លោកិយ និងគ្រឿងលម្អរបស់វា”។ មានបុរសម្នាក់បានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើប្រការល្អអាចនាំមកនូវប្រការអាក្រក់ឬ? ណាពី ﷺ បានស្ងៀមស្ងាត់។ ពេលនោះ មានគេនិយាយទៅកាន់បុរសនោះថា៖ តើអ្នកមានបញ្ហាអ្វី? អ្នកនិយាយទៅកាន់ណាពី ﷺ តែលោកមិនឆ្លើយតបនឹងអ្នក? បន្ទាប់មក ពួកយើងបានឃើញថា វ៉ាហ៊ីត្រូវបានគេបញ្ចុះមកកាន់លោក។ បន្ទាប់មក លោកបានជូតញើសចេញ ហើយសួរថា៖ “តើអ្នកសួរនៅឯណា”? ហាក់បីដូចជាលោកសរសើរបុរសនោះ។ បន្ទាប់មក លោកបានមានប្រសាសន៍ថា៖ “ប្រការល្អមិនអាចនាំមកនូវប្រការអាក្រក់ឡើយ។ ពិតប្រាកដណាស់ រុក្ខជាតិខ្លះដែលដុះនៅរដូវផ្ការីកអាចងាប់ ឬឬជិតនឹងងាប់ លើកលែងតែសត្វដែលស៊ីស្មៅបៃតង។ វាស៊ីរហូតដល់ចំហៀងវាឡើងប៉ោង ហើយវាងាកទៅរកពន្លឺព្រះអាទិត្យ។ បន្ទាប់មក វាបន្ទោបង់ និងនោម ហើយត្រឡប់ទៅស៊ីស្មៅវិញ។ ពិតណាស់ ទ្រព្យសម្បត្តិនេះគឺមានពណ៌បៃតង និងមានភាពផ្អែម។ ហើយទ្រព្យសម្បត្តិដ៏ល្អបំផុតដែលអ្នកមូស្លីមមាន គឺការផ្តល់វាមួយចំណែកទៅឱ្យអ្នកក្រីក្រ កុមារកំព្រា និងអ្នកដំណើរដាច់ស្បៀង” ឬដូចដែលណាពី ﷺ មានប្រសាសន៍។ “ពិតប្រាកដណាស់ អ្នកណាដែលយកយកទ្រព្យសម្បត្តិដោយខុសច្បាប់ នោះរូបគេគឺប្រៀបដូចជាអ្នកដែលបរិភោគហើយមិនចេះឆ្អែត ហើយទ្រព្យសម្បត្តិរបស់គេនឹងក្លាយជាសាក្សីប្រឆាំងនឹងរូបគេនៅថ្ងៃបរលោក”។

صحيح متفق عليه صحيح البخاري - 1465

ពន្យល់

នៅថ្ងៃមួយ ណាពី ﷺ លោកអង្គុយនៅលើមិមពើរ(វេទិកាថ្លែងសុន្ទរកថា) ហើយបានមានប្រសាសន៍ទៅកាន់សហាហ្ពាត់ទាំងឡាយថា៖
អ្វីដែលខ្ញុំបារម្ភជាងគេបំផុត និងភ័យខ្លាចជាងគេបំផុតចំពោះពួកអ្នកបន្ទាប់ពីខ្ញុំស្លាប់ទៅ គឺគេបើកបង្ហាញឲ្យពួកអ្នកនូវពរជ័យនៅលើផែនដី ភាពស្រស់ស្អាតនៃលោកិយ គ្រឿងតុបតែងលម្អររបស់វា ភាពត្រេកត្រអាលរបស់វា ហើយនិងអ្វីផ្សេងទៀត ដូចជា ទ្រព្យសម្បត្តិ សម្លៀកបំពាក់ និងដំណាំជាដើម ដែលមនុស្សមានមោទនភាពចំពោះភាពភាពស្រស់ស្អាតរបស់វា ទាំងដែលទោះបីជីវិតរបស់ពួកគេខ្លីក៏ដោយ។
មានបុរសម្នាក់បានសួរថា៖ ភាពស្រស់បំព្រងនៃលោកិយ គឺជាឧបការគុណពីអល់ឡោះ។ ដូចនេះ តើឧបការគុណនេះអាចក្លាយជាប្រការមិនល្អ និងជាទណ្ឌកម្មដែរឬទេ?
ពេលនោះ មនុស្សទាំងឡាយបានស្តីបន្ទោសបុរសដែលសួរនោះ នៅពេលដែលពួកគេឃើញណាពី ﷺ នៅស្ងៀម ដោយពួកគេគិតថា បុរសនោះបានធ្វើឱ្យលោកខឹង។
តែក្រោយមក ពួកគេបានដឹងថា លោកកំពុងទទួលវ៉ាហ៊ី។ បន្ទាប់មក លោកបានជូតញើសពីថ្ងាស រួចសួរថា៖ តើអ្នកសួរនៅឯណា?
បុរសនោះឆ្លើយថា៖ គឺខ្ញុំ។
ណាពី ﷺ បានថ្លែងសរសើរអល់ឡោះ និងកោតសរសើរដល់ទ្រង់ រួចលោកបានមានប្រសាសន៍ថា៖ ប្រការល្អពិតប្រាកដ គឺនាំមកតែប្រការល្អប៉ុណ្ណោះ។ ក៏ប៉ុន្តែភាពស្រស់បំព្រងនេះមិនមែនជាប្រការល្អសុទ្ធសាធនោះទេ ព្រោះវានាំទៅរកភាពវឹកវរ ការប្រណាំងប្រជែងគ្នា និងការងាកចេញពីការផ្តោតលើបរលោក។ បន្ទាប់មក លោកបានលើកជាឧទាហរណ៍បញ្ជាក់ពីបញ្ហានោះថា៖ ជាការពិតណាស់ រុក្ខជាតិ និងស្មៅខៀវដែលដុះនៅរដូវផ្ការីក អាចធ្វើឱ្យសត្វងាប់ ឬស្ទើរតែនឹងងាប់បាន ព្រោះតែវាស៊ីច្រើន។ លើកលែងតែសត្វដែលស៊ីស្មៅនៅពេលដែលវាស៊ីពេញពោះ វាក៏ងាកទៅរកព្រះអាទិត្យ បន្ទាប់មក បញ្ចេញកាកសំណល់ពីពោះវា ឬបត់ជើង រួចទាញយកអាហារពីក្រពះមកទំពារម្តងទៀត រួចលេប ហើយត្រឡប់ទៅស៊ីម្តងទៀត។
ទ្រព្យសម្បត្តិនេះដូចជាស្មៅខៀវស្រស់ដែលមានរសជាតិផ្អែម ដែលអាចសម្លាប់ ឬស្ទើរតែធ្វើឲ្យស្លាប់ដោយសារភាពច្រើនលើសលប់របស់វា លើកលែងតែអ្នកដែលប្រើប្រាស់វាតាមតម្រូវការចាំបាច់ និងគ្រប់គ្រាន់តាមវិធីដែលត្រឹមត្រូវតែប៉ុណ្ណោះ ទើបមិនបង្កគ្រោះថ្នាក់។ ទ្រព្យសម្បត្តិដ៏ល្អបំផុតដែលអ្នកមូស្លីមមាន គឺការផ្តល់វាមួយចំណែកទៅឱ្យអ្នកក្រីក្រ កុមារកំព្រា និងអ្នកដំណើរដាច់ស្បៀង។ អ្នកដែលទទួលយកទ្រព្យសម្បត្តិដោយត្រឹមត្រូវនឹងទទួលបានពរជ័យនៅក្នុងវា។ តែអ្នកដែលទទួលយកវាដោយមិនត្រឹមត្រូវ គឺដូចជាអ្នកដែលបរិភោគហើយនៅតែឃ្លានមិនចេះឆ្អែត ហើយវានឹងក្លាយជាសាក្សីប្រឆាំងនឹងរូបគេនៅថ្ងៃបរលោក។

មេរៀនដែលទាញបានពីហាទីស្ហ

  1. អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយថា៖ ហាទីស្ហនេះបង្ហាញពីគុណប្រយោជន៍នៃទ្រព្យសម្បត្តិសម្រាប់អ្នកដែលទទួលយកវាដោយត្រឹមត្រូវ ហើយចំណាយវាក្នុងផ្លូវល្អ។
  2. ណាពី ﷺ លោកបានប្រាប់ពីស្ថានភាពប្រជាជាតិរបស់លោក និងអ្វីដែលគេនឹងបើកសម្រាប់ពួកគេនៃភាពស្រស់បំព្រងនៃជីវិតលោកិយ និងភាពវឹកវររបស់វា។
  3. ក្នុងចំណោមការចង្អុលបង្ហាញរបស់ណាពី ﷺ គឺការប្រើឧទាហរណ៍ដើម្បីពន្យល់អត្ថន័យឱ្យកាន់តែងាយយល់។
  4. ជំរុញឲ្យបរិច្ចាគទាន និងចំណាយទ្រព្យសម្បត្តិក្នុងផ្លូវល្អ ហើយព្រមានពីភាពកំណាញ់។
  5. តាមរយៈប្រសាសន៍របស់លោកដែលបានលើកឡើងថា៖ “ប្រការល្អមិនអាចនាំមកនូវប្រការអាក្រក់ឡើយ” ជាការពិតណាស់ លាភសក្ការៈ ទោះបីជាវាច្រើនក៏ដោយ គឺជាផ្នែកមួយនៃប្រការល្អ។ក៏ប៉ុន្តែវានឹងក្លាយជាប្រការអាក្រក់ នៅពេលដែលភាពកំណាញ់ជ្រាបចូល ដោយមិនផ្តល់ឱ្យអ្នកដែលសមនឹងទទួលបាន និងការចំណាយខ្ជះខ្ជាយលើអ្វីដែលមិនត្រូវបានអនុញ្ញាត។ រាល់អ្វីទាំងអស់ដែលអល់ឡោះបានកំណត់ថាជាប្រការល្អមិនអាចក្លាយជាប្រការអាក្រក់ឡើយ និងផ្ទុយមកវិញ។ ប៉ុន្តែគេបារម្ភចំពោះអ្នកដែលទទួលបានប្រការល្អនោះប្រើប្រាស់វាក្នុងផ្លូវមិនល្អដែលអាចនាំមកនូវប្រការអាក្រក់។
  6. មិនត្រូវប្រញាប់ប្រញាល់ក្នុងការឆ្លើយតបនោះឡើយ ប្រសិនបើគេត្រូវការពេលវេលាគិតពិចារណា។
  7. អ៊ីម៉ាំ អាត់តៃពី បាននិយាយថា៖ តាមរយៈហាទីស្ហនេះ គេអាចទាញបានថា មនុស្សមានបួនប្រភេទ៖ ១. អ្នកដែលបរិភោគដោយហួសប្រមាណ រហូតដល់ពោះប៉ោងខ្លាំងក៏មិនព្រមឈប់ រហូតដល់វិនាស។ ២. អ្នកដែលបរិភោគច្រើនដូចគ្នា ប៉ុន្តែព្យាយាមព្យាបាលជំងឺបន្ទាប់ពីវាធ្ងន់ធ្ងរ ប៉ុន្តែជំងឺនោះក៏បានយកឈ្នះគេ ហើយក៏យកជីវិតគេ។ ៣. អ្នកដែលបរិភោគច្រើនដូចគ្នា ប៉ុន្តែប្រញាប់ប្រញាល់កម្ចាត់អ្វីដែលបង្កគ្រោះថ្នាក់ រហូតដល់វាត្រូវបានបំផ្លាញ ហើយគេក៏រួចផុតពីគ្រោះថ្នាក់។ ៤. អ្នកដែលបរិភោគដោយមិនលោភលន់តាមការស្រេកឃ្លាន គេគ្រាន់តែបរិភោគតាមតម្រូវការដើម្បីរស់រានមានជីវិតប៉៉ុណ្ណោះ។ ប្រភេទទី១ គឺជាឧទាហរណ៍នៃអ្នកគ្មានជំនឿ។ ប្រភេទទី២ គឺជាឧទាហរណ៍នៃអ្នកប្រព្រឹត្តបាបដែលភ្លេចខ្លួនមិនព្រមបញ្ឈប់ និងសារភាពកំហុស រហូតដល់យឺតពេល។ ប្រភេទទី៣ គឺជាឧទាហរណ៍នៃអ្នកដែលរួសរាន់ក្នុងការសារភាពកំហុសក្នុងពេលដែលគេនៅទទួលយក។ ប្រភេទទី៤ គឺជាឧទាហរណ៍នៃអ្នកដែលមិនជាប់ជំពាក់នឹងលោកិយ ហើយប្រាថ្នាបរលោក។
  8. អ៊ិពនូ អាល់មូនៀរ បាននិយាយថា៖ ក្នុងហាទីស្ហនេះមានសេចក្តីប្រៀបធៀបដ៏អស្ចារ្យជាច្រើន៖ ១. ការប្រៀបធៀបទ្រព្យសម្បត្តិ និងការលូតលាស់របស់វាទៅនឹងរុក្ខជាតិ និងការដុះលូតលាស់របស់វា។ ២. ការប្រៀបធៀបអ្នកដែលលង់ក្នុងការប្រមូលទ្រព្យសម្បត្តិទៅនឹងសត្វដែលស៊ីស្មៅដោយលោភលន់តាមការស្រេកឃ្លាន ។ ៣. ការប្រៀបធៀបការប្រមូលនិងស្តុកទុកទ្រព្យសម្បត្តិទៅនឹងការបរិភោគដោយលោភលន់ និងមិនចេះឆ្អែតឆ្អន់។ ៤. ការប្រៀបធៀបការចំណាយទ្រព្យសម្បត្តិដែលពេញដោយសេចក្តីស្រលាញ់ក្នុងចិត្ត រហូតកើតជាសេចក្តីកំណាញ់ទៅនឹងលាមករបស់សត្វ ដែលបង្ហាញពីភាពគួរឱ្យស្អប់ខ្ពើម យោងតាមច្បាប់សាសនា។ ៥. ការប្រៀបធៀបអ្នកដែលមិនខ្វល់ពីការប្រមូលស្តុកទ្រព្យសម្បត្តិទៅនឹងចៀមដែលសម្រាកក្រោមពន្លឺថ្ងៃ ដែលជាស្ថានភាពដ៏ល្អបំផុតរបស់វា និងបង្ហាញពីការយល់ដឹងអំពីសុខុមាលភាពរបស់ខ្លួន។ ៦. ការប្រៀបធៀបការស្លាប់របស់អ្នកប្រមូលទ្រព្យដែលកំណាញ់ទៅនឹងការស្លាប់របស់សត្វដែលភ្លេចបញ្ចេញចោលនូវអាហារដែលនាំឱ្យគេអន្តរាយ។ ៧. ការប្រៀបធៀបទ្រព្យសម្បត្តិទៅនឹងមិត្តភក្តិដែលអាចក្លាយជាសត្រូវ ដោយសារតែជាធម្មតាទ្រព្យសម្បត្តិត្រូវបានគេរក្សាទុក និងការពារដោយក្តីស្រឡាញ់។ នេះនាំឱ្យមានការស្តុកទុកមិនផ្តល់វាដល់អ្នកដែលសមនឹងទទួលបាន ហើយក៏ក្លាយជាហេតុនៃការដាក់ទោសដល់ម្ចាស់របស់វា។ ៨. ការប្រៀបធៀបអ្នកដែលយកទ្រព្យដោយមិនត្រឹមត្រូវទៅនឹងអ្នកដែលបរិភោគមិនចេះឆ្អែត។
  9. អ៊ីម៉ាំ អាស្ស៊ិនទី បាននិយាយថា៖ ការទទួលយកទ្រព្យសម្បត្តិត្រូវមានលក្ខខណ្ឌពីរ៖ ទីមួយ. ទទួលបានដោយមធ្យោបាយត្រឹមត្រូវ។ ទីពីរ. ចំណាយក្នុងផ្លូវត្រឹមត្រូវ។ នៅពេលលក្ខខណ្ឌណាមួយមិនត្រូវបានបំពេញ នោះវានឹងក្លាយជាគ្រោះថ្នាក់។ វាអាចនិយាយបានថា៖ លក្ខខណ្ឌទាំងពីរនេះត្រូវតែភ្ជាប់ទៅជាមួយគ្នា។ មនុស្សម្នាក់នឹងមិនទទួលបានជោគជ័យនៅក្នុងការចំណាយដ៏ត្រឹមត្រូវឡើយ លុះត្រាតែគេទទួលបានទ្រព្យដោយត្រឹមត្រូវផងដែរ។

បង្ហាញការបកប្រែ

51 ភាសា
EN English الإنجليزية
UR اردو الأوردية
ES Español الإسبانية
ID Indonesia الإندونيسية
UG ئۇيغۇرچە الأيغورية
BN বাংলা البنغالية
TR Türkçe التركية
RU Русский الروسية
BS Bosanski البوسنية
SI සිංහල السنهالية
HI हिन्दी الهندية
ZH 中文 الصينية
FA فارسی الفارسية
VI Tiếng Việt الفيتنامية
TL Tagalog تجالوج
KU Kurdî الكردية
HA Hausa الهوسا
PT Português البرتغالية
ML മലയാളം المليالم
TE తెలుగు التلغو
SW Kiswahili السواحيلية
TA தமிழ் التاميلية
MY မြန်မာ البورمية
TH ไทย التايلندية
DE Deutsch الألمانية
PS پښتو بشتو
AS অসমীয়া الأسامية
SQ Shqip الألبانية
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
NE नेपाली النيبالية
YO Yorùbá اليوروبا
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
TG тоҷикӣ الطاجيكية
RW Kinyarwanda الكينياروندا
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
MG Malagasy المالاجاشية
OM Oromoo الأورومو
KN ಕನ್ನಡ الكانادا
WO Wolof الولوف
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية