عَنْ عَبْدِ اللَّهِ بْنِ عُمَرَ رَضِيَ اللَّهُ عَنْهُمَا قَالَ: أَخَذَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ بِمَنْكِبِي، فَقَالَ:
«كُنْ فِي الدُّنْيَا كَأَنَّكَ غَرِيبٌ أَوْ عَابِرُ سَبِيلٍ»، وَكَانَ ابْنُ عُمَرَ، يَقُولُ: إِذَا أَمْسَيْتَ فَلاَ تَنْتَظِرِ الصَّبَاحَ، وَإِذَا أَصْبَحْتَ فَلاَ تَنْتَظِرِ المَسَاءَ، وَخُذْ مِنْ صِحَّتِكَ لِمَرَضِكَ، وَمِنْ حَيَاتِكَ لِمَوْتِكَ.
[صحيح] - [رواه البخاري] - [صحيح البخاري: 6416]
المزيــد ...
អំពី អាប់ទុលឡោះ ពិន អ៊ូមើរ رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ បានចាប់ស្មាទាំងពីររបស់ខ្ញុំ ហើយបានមានប្រសាសន៍ថា៖
“ចូរអ្នករស់នៅក្នុងលោកិយប្រៀបដូចអ្នកជាមនុស្សចម្លែកម្នាក់ ឬជាអ្នកដំណើរ”។ ហើយអ៊ិពនូអ៊ូមើរបាននិយាយថា៖ នៅពេលដែលពេលល្ងាចមកដល់ ចូរអ្នកកុំរង់ចាំពេលព្រឹក។ ហើយនៅពេលដែលពេលព្រឹកមកដល់ ចូរអ្នកកុំរង់ចាំពេលល្ងាច។ ចូរអ្នកសាងទង្វើកុសលពេលអ្នកមានសុខភាពល្អទុកសម្រាប់ពេលអ្នកឈឺ និងពេលដែលអ្នកនៅមានជីវិតទុកសម្រាប់ពេលអ្នកស្លាប់។
[صحيح] - [رواه البخاري] - [صحيح البخاري - 6416]
អ៊ិពនូអ៊ូមើរ رضي الله عنهما បានរាយការណ៍ថា ពិតណាស់ណាពី ﷺ បានចាប់ស្មារបស់គាត់ ហើយបានមានប្រសាសន៍ទៅកាន់គាត់ថា៖ ចូររស់នៅក្នុងលោកិយប្រៀបដូចជាជនចម្លែកម្នាក់ដែលបានមកដល់ទឹកដីមួយ នៅទីនោះគឺគ្មានផ្ទះសម្បែងសម្រាប់ស្នាក់នៅ គ្មានអ្នកណាម្នាក់លួងលោម ឆ្ងាយពីក្រុមគ្រួសារ កូនចៅ និងទំនាក់ទំនងទាំងឡាយ ដែលជាហេតុនាំឱ្យរវល់ភ្លេចអល់ឡោះ។ ឬលើសនេះ គឺចូររស់នៅក្នុងលោកិយប្រៀបដូចជាអ្នកដំណើរដែលស្វែងរកផ្លូវទៅកាន់មាតុភូមិរបស់ខ្លួន។ វាជាស្ថានភាពដែលធ្ងន់ធ្ងរជាងជនចម្លែកទៅទៀត ព្រោះជនចម្លែកអាចស្នាក់នៅក្នុងទឹកដីបរទេស និងតាំងទីលំនៅនៅទីនោះ ខុសពីអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់តាមផ្លូវទៅកាន់មាតុភូមិរបស់ពួកគេ។ ជាធម្មតា អ្នកធ្វើដំណើរតែងតែយកតែរបស់របរដែលចាំបាច់តាមខ្លួនប៉ុណ្ណោះ និងមិនឈប់យូរឡើយ ប៉ុន្តែត្រូវប្រញាប់ធ្វើដំណើរដើម្បីឱ្យបានទៅដល់មាតុភូមិរបស់ពួកគេ។ ហើយអ្នកដំណើរក៏មិនត្រូវការអ្វីច្រើនលើសពីតម្រូវការដើម្បីឱ្យបានទៅដល់គោលដៅរបស់ខ្លួននោះដែរ។ ដូចគ្នាដែរ អ្នកមានជំនឿក៏មិនត្រូវការលោកិយលើសពីអ្វីដែលជាតម្រូវការរបស់ខ្លួនដើម្បីឱ្យបានទៅដល់គោលដៅនោះឡើយ។
អ៊ិពនូអ៊ូមើរ បានអនុវត្តតាមដំបូន្មាននេះ ហើយគាត់តែងនិយាយថា៖ បើពេលល្ងាចមកដល់ ចូរអ្នកកុំរង់ចាំពេលព្រឹក។ ហើយបើពេលព្រឹកមកដល់ ចូរអ្នកកុំរង់ចាំពេលល្ងាច។ ចូរចាត់ទុកខ្លួនឯងនៅក្នុងចំណោមអ្នកនៅក្នុងផ្នូរ ព្រោះជីវិតចៀសមិនផុតពីសុខភាពល្អ និងជំងឺឈឺថ្កាត់ឡើយ។ ដូច្នេះ ចូររួសរាន់ធ្វើអំពើល្អពេលនៅមានសុខភាពល្អ ត្រៀមសម្រាប់ពេលឈឺមកដល់។ ហើយចូរឆ្លៀតឱកាសក្នុងពេលដែលមានសុខភាពល្អធ្វើអំពើល្អ មុនពេលមានជំងឺមករារាំង។ ចូរឆ្លៀតឱកាសប្រើប្រាស់ជីវិតក្នុងលោកិយនេះដោយប្រមូលនូវអ្វីដែលមានប្រយោជន៍សម្រាប់ខ្លួនអ្នកក្រោយពេលអ្នកស្លាប់។