عَنْ أَبِي نَجِيحٍ العِرْبَاضِ بْنِ سَارِيَةَ رضي الله عنه قَالَ: وَعَظَنَا رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ مَوْعِظَةً وَجِلَتْ مِنْهَا القُلُوبُ، وَذَرَفَتْ مِنْهَا العُيُونُ، فَقُلْنَا: يَا رَسُولَ اللهِ! كَأَنَّهَا مَوْعِظَةُ مُوَدِّعٍ؛ فَأَوْصِنَا، قَالَ:
«أُوصِيكُمْ بِتَقْوَى اللَّهِ، وَالسَّمْعِ وَالطَّاعَةِ، وَإِنْ تَأَمَّرَ عَلَيْكُمْ عَبْدٌ، فَإِنَّهُ مَنْ يَعِشْ مِنْكُمْ بَعْدِي فَسَيَرَى اخْتِلَافًا كَثِيرًا، فَعَلَيْكُمْ بِسُنَّتِي وَسُنَّةِ الخُلَفَاءِ الرَّاشِدِينَ المَهْدِيينَ، عَضُّوا عَلَيْهَا بِالنَّوَاجِذِ، وَإِيَّاكُمْ وَمُحْدَثَاتِ الأُمُورِ؛ فَإِنَّ كُلَّ بِدْعَةٍ ضَلَالَةٌ».

[صحيح] - [رواه أبو داود والترمذي] - [الأربعون النووية: 28]
المزيــد ...

អំពី អាពូណាជៀហ អាល់អៀរហ្ពាទ ពិន សារីយ៉ះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានផ្តល់ដំបូន្មានមួយដល់ពួកយើងដែលធ្វើឲ្យចិត្តញាប់ញ័រ និងស្រក់ទឹកភ្នែក។ ពេលនោះ ពួកយើងបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! វាហាក់ដូចជាដំបូន្មានចុងក្រោយអញ្ចឹង។ ហេតុនេះ សូមលោកផ្តល់ដំបូន្មានដល់ពួកយើងមកចុះ។ លោកបានមានប្រសាសន៍ថា៖
“ខ្ញុំសូមផ្តាំផ្ញើពួកអ្នកឲ្យកោតខ្លាចអល់ឡោះ ហើយត្រូវស្តាប់បង្គាប់ និងគោរពតាមមេដឹកនាំ ទោះបីមេដឹកនាំនោះ ជាទាសករក៏ដោយ។ ជាការពិតណាស់ ជនណាក្នុងចំណោមពួកអ្នកដែលបានរស់នៅបន្ទាប់ពីខ្ញុំស្លាប់ទៅ នោះគេនឹងឃើញមានការខ្វែងគំនិតគ្នាជាច្រើន។ ហេតុនេះ ចូរពួកអ្នកប្រកាន់ខ្ជាប់នូវមាគ៌ា(ស៊ុណ្ណះ)របស់ខ្ញុំ និងមាគ៌ារបស់អ្នកគ្រប់គ្រងដ៏ឈ្លាសវៃដែលត្រូវបានគេចង្អុលបង្ហាញផ្លូវឲ្យ(ឃូឡាហ្វាកអើររ៉ស្ហ៊ីទីន)។ ចូរពួកអ្នកខាំវានឹងធេ្មញថ្គាម ហើយចូរប្រុងប្រយ័ត្នចំពោះប្រការទាំងឡាយដែលគេបង្កើតថ្មី(នៅក្នុងសាសនា) ព្រោះរាល់ប្រការដែលគេបង្កើតថ្មី(ប្រការពិតអះ) គឺសុទ្ធតែវងេ្វង”។

[صحيح] - [رواه أبو داود والترمذي] - [الأربعون النووية - 28]

ពន្យល់

ណាពី ﷺ លោកបានផ្តល់ដំបូន្មានដល់សហាហ្ពាត់របស់លោកនូវពាក្យទូន្មានដ៏មានអត្ថន័យជ្រាលជ្រៅ ដែលធ្វើឱ្យដួងចិត្តមានការភ័យខ្លាច ហើយពោរពេញដោយទឹកភ្នែក។ ពេលនោះ ពួកគេបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! វាហាក់បីដូចជាពាក្យទូន្មានដែលបង្ហាញថាលោកនឹងចាកចេញពីពួកយើងក្នុងពេលឆាប់ៗនេះអញ្ចឹង ដោយសារពួកគេឃើញពីការយកចិត្តទុកដាក់របស់លោកក្នុងការទូន្មាននេះ។ ហេតុនេះទើបពួកគេសុំការណែនាំពីលោកដើម្បីឲ្យពួកគេប្រកាន់ខ្ជាប់នឹងវាបន្ទាប់ពីលោកលាកចាកចេញ។ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ ខ្ញុំសូមទូន្មានអ្នកទាំងអស់គ្នាឱ្យកោតខ្លាចចំពោះអល់ឡោះជាម្ចាស់តាមរយៈការអនុវត្តនូវកាតព្វកិច្ចដែលទ្រង់បានដាក់ និងបោះបង់នូវប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។ ត្រូវស្ដាប់បង្គាប់និងគោរពតាមថ្នាក់ដឹកនាំ ទោះបីគេជាទាសករដែលបានក្លាយជាអ្នកដឹកនាំលើពួកអ្នកក៏ដោយ ពោលបើទោះបីជាមនុស្សតូចទាបបំផុតក្លាយជាមេដឹកនាំពួកអ្នកក៏ដោយ ក៏ពួកអ្នកមិនត្រូវបដិសេធក្នុងការមិនគោរពតាមនោះដែរ ដោយខ្លាចការកើតមានភាពវឹកវរ។ ជាការពិតណាស់ ជនណាហើយដែលនៅមានជីវិតក្នុងចំណោមពួកអ្នក នោះគេនឹងឃើញមានការខ្វែងគំនិតគ្នាជាច្រើន។ បន្ទាប់មក ណាពី ﷺ លោកបានបង្ហាញពួកគេពីដំណោះស្រាយចំពោះការខ្វែងគំនិតគ្នានេះ នោះគឺតាមរយៈការប្រកាន់ខ្ជាប់នូវមាគ៌ា(ស៊ុណ្ណះ)របស់លោក និងមាគ៌ារបស់អ្នកគ្រប់គ្រងដ៏ឈ្លាសវៃដែលត្រូវបានគេចង្អុល បង្ហាញបន្ទាប់ពីលោក(ឃូឡាហ្វាកអើររ៉ស្ហ៊ីទីន) គឺ អាពូហ្ពាកើរ អាស្ស៊ិទ្ទីក, អ៊ូមើរ ពិន អាល់ខត្តប, អ៊ូស្មាន ពិន អាហ្វហ្វាន និង អាលី ពិន អាពីត៏ឡឹប رضي الله عنهم ។ ហើយគេត្រូវខាំវានឹងធ្មេញថ្គាម បានន័យថា ត្រូវប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវស៊ុណ្ណះ និងប្រតិបត្តិតាមស៊ុណ្ណះនោះ។ ហើយលោកបានព្រមានពួកគេអំពីការបង្កើតថ្មីក្នុងសាសនាអ៊ីស្លាម(ប្រការពិតអះ) ព្រោះរាល់ប្រការដែលគេបង្កើតថ្មីនៅក្នុងសាសនា គឺសុទ្ធតែវងេ្វង។

មេរៀនដែលទាញបានពីហាទីស្ហ

  1. សារៈសំខាន់នៃការប្រកាន់ខ្ជាប់ និងដើរតាមស៊ុណ្ណះ(មាគ៌ាណាពី ﷺ)។
  2. យកចិត្តទុកដាក់ចំពោះការទូន្មាន និងធ្វើឱ្យដួងចិត្តមានភាពទន់ភ្លន់។
  3. បង្គាប់ប្រើឱ្យដើរតាមឃូឡាហ្វាកអើររ៉ស្ហ៊ីទីនទាំងបួនរូបបន្ទាប់ពីណាពី ﷺ គឺអាពូហ្ពាកើរ អ៊ូមើរ អ៊ូស្មាន និងអាលី رضي الله عنهم ។
  4. ហាមឃាត់ការបង្កើតថ្មីក្នុងសាសនាអ៊ីស្លាម(ប្រការពិតអះ) ព្រោះរាល់ប្រការដែលគេបង្កើតថ្មីនៅក្នុងសាសនា គឺសុទ្ធតែវងេ្វង។
  5. ស្តាប់បង្គាប់ និងគោរពតាមថ្នាក់ដឹកនាំដែលគ្រប់គ្រងកិច្ចការអ្នកមានជំនឿចំពោះប្រការដែលមិនមែនជាអំពើល្មើសចំពោះអល់ឡោះជាម្ចាស់។
  6. សារៈសំខាន់នៃការកោតខ្លាចអល់ឡោះជាម្ចាស់នៅគ្រប់ពេលវេលា និងគ្រប់ស្ថានភាពទាំងអស់។
  7. បញ្ជាក់ថា ការខ្វែងគំនិតគ្នា គឺកើតមាននៅក្នុងប្រជាជាតិនេះ។ នៅពេលវាកើតឡើង ចាំបាច់ត្រូវត្រឡប់ទៅរកស៊ុណ្ណះរ៉ស៊ូលុលឡោះ ﷺ និងឃូឡាហ្វាកអើររ៉ស្ហ៊ីទីន។
បង្ហាញការបកប្រែ
ភាសា: الإنجليزية الأوردية الإسبانية បន្ថែមទៀត (57)
បន្ថែមទៀត