+ -

عَنْ عَائِشَةَ أُمِّ المُؤْمِنِينَ رَضِيَ اللَّهُ عَنْها أَنَّهَا قَالَتْ:
أَوَّلُ مَا بُدِئَ بِهِ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ مِنَ الوَحْيِ الرُّؤْيَا الصَّالِحَةُ فِي النَّوْمِ، فَكَانَ لاَ يَرَى رُؤْيَا إِلَّا جَاءَتْ مِثْلَ فَلَقِ الصُّبْحِ، ثُمَّ حُبِّبَ إِلَيْهِ الخَلاَءُ، وَكَانَ يَخْلُو بِغَارِ حِرَاءٍ فَيَتَحَنَّثُ فِيهِ -وَهُوَ التَّعَبُّدُ- اللَّيَالِيَ ذَوَاتِ العَدَدِ قَبْلَ أَنْ يَنْزِعَ إِلَى أَهْلِهِ، وَيَتَزَوَّدُ لِذَلِكَ، ثُمَّ يَرْجِعُ إِلَى خَدِيجَةَ فَيَتَزَوَّدُ لِمِثْلِهَا، حَتَّى جَاءَهُ الحَقُّ وَهُوَ فِي غَارِ حِرَاءٍ، فَجَاءَهُ المَلَكُ فَقَالَ: اقْرَأْ، قَالَ: «مَا أَنَا بِقَارِئٍ» قَالَ: «فَأَخَذَنِي فَغَطَّنِي حَتَّى بَلَغَ مِنِّي الجَهْدَ ثُمَّ أَرْسَلَنِي، فَقَالَ: اقْرَأْ، قُلْتُ: مَا أَنَا بِقَارِئٍ، فَأَخَذَنِي فَغَطَّنِي الثَّانِيَةَ حَتَّى بَلَغَ مِنِّي الجَهْدَ ثُمَّ أَرْسَلَنِي، فَقَالَ: اقْرَأْ، فَقُلْتُ: مَا أَنَا بِقَارِئٍ، فَأَخَذَنِي فَغَطَّنِي الثَّالِثَةَ ثُمَّ أَرْسَلَنِي، فَقَالَ: {اقْرَأْ بِاسْمِ رَبِّكَ الَّذِي خَلَقَ خَلَقَ الإِنْسَانَ مِنْ عَلَقٍ اقْرَأْ وَرَبُّكَ الأَكْرَمُ}»، [العلق:1-3] فَرَجَعَ بِهَا رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَرْجُفُ فُؤَادُهُ، فَدَخَلَ عَلَى خَدِيجَةَ بِنْتِ خُوَيْلِدٍ رَضِيَ اللَّهُ عَنْهَا، فَقَالَ: «زَمِّلُونِي، زَمِّلُونِي» فَزَمَّلُوهُ حَتَّى ذَهَبَ عَنْهُ الرَّوْعُ، فَقَالَ لِخَدِيجَةَ وَأَخْبَرَهَا الخَبَرَ: «لَقَدْ خَشِيتُ عَلَى نَفْسِي» فَقَالَتْ خَدِيجَةُ: كَلَّا وَاللَّهِ مَا يُخْزِيكَ اللَّهُ أَبَدًا، إِنَّكَ لَتَصِلُ الرَّحِمَ، وَتَحْمِلُ الكَلَّ، وَتَكْسِبُ المَعْدُومَ، وَتَقْرِي الضَّيْفَ، وَتُعِينُ عَلَى نَوَائِبِ الحَقِّ، فَانْطَلَقَتْ بِهِ خَدِيجَةُ حَتَّى أَتَتْ بِهِ وَرَقَةَ بْنَ نَوْفَلِ بْنِ أَسَدِ بْنِ عَبْدِ العُزَّى، ابْنَ عَمِّ خَدِيجَةَ، وَكَانَ امْرَأً تَنَصَّرَ فِي الجَاهِلِيَّةِ، وَكَانَ يَكْتُبُ الكِتَابَ العِبْرَانِيَّ، فَيَكْتُبُ مِنَ الإِنْجِيلِ بِالعِبْرَانِيَّةِ مَا شَاءَ اللَّهُ أَنْ يَكْتُبَ، وَكَانَ شَيْخًا كَبِيرًا قَدْ عَمِيَ، فَقَالَتْ لَهُ خَدِيجَةُ: يَا ابْنَ عَمِّ، اسْمَعْ مِنَ ابْنِ أَخِيكَ، فَقَالَ لَهُ وَرَقَةُ: يَا ابْنَ أَخِي، مَاذَا تَرَى؟ فَأَخْبَرَهُ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ خَبَرَ مَا رَأَى، فَقَالَ لَهُ وَرَقَةُ: هَذَا النَّامُوسُ الَّذِي نَزَّلَ اللَّهُ عَلَى مُوسَى، يَا لَيْتَنِي فِيهَا جَذَعًا، لَيْتَنِي أَكُونُ حَيًّا إِذْ يُخْرِجُكَ قَوْمُكَ، فَقَالَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «أَوَ مُخْرِجِيَّ هُمْ؟»، قَالَ: نَعَمْ، لَمْ يَأْتِ رَجُلٌ قَطُّ بِمِثْلِ مَا جِئْتَ بِهِ إِلَّا عُودِيَ، وَإِنْ يُدْرِكْنِي يَوْمُكَ أَنْصُرْكَ نَصْرًا مُؤَزَّرًا. ثُمَّ لَمْ يَنْشَبْ وَرَقَةُ أَنْ تُوُفِّيَ، وَفَتَرَ الوَحْيُ.

[صحيح] - [متفق عليه] - [صحيح البخاري: 3]
المزيــد ...

អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها ពិតណាស់គាត់បាននិយាយថា៖
វ៉ាហ៊ីដែលបានមកដល់រ៉ស៊ូលុលឡោះ ﷺ ដំបូងគេបង្អស់នោះគឺ ការយល់សុបិនល្អក្នុងដំណេក។ លោកពុំធ្លាប់សុបិនឃើញអ្វីឡើយ លើកលែងតែវាបានកើតឡើង(ពិតប្រាកដ)ប្រៀបបាននឹងអារុណ្ណោភាសបានរះឡើង។ បន្ទាប់មក លោកចូលចិត្តនៅស្ងាត់តែម្នាក់ឯង។ លោកធ្លាប់ស្ថិតនៅតែឯងក្នុងរូងភ្នំហ៊ីរ៉កដោយលោកធ្វើសក្ការៈ(ចំពោះអល់ឡោះ)នៅក្នុងរូងនោះជាច្រើនយប់មុននឹងលោកទៅកាន់គ្រួសាររបស់លោក ហើយលោកក៏បានត្រៀមស្បៀងអាហារសម្រាប់ស្នាក់នៅក្នុងរូងនោះផងដែរ។ ក្រោយមក លោកវិលត្រឡប់ទៅកាន់(ភរិយារបស់លោក)ខទីហ្ជះ រួចលោកបានត្រៀមស្បៀងដូច្នោះទៀត រហូតដល់សេចក្តីពិតបានមកដល់លោកក្នុងពេលដែលលោកកំពុងស្នាក់នៅក្នុងរូងភ្នំហ៊ីរ៉ក។ ពេលនោះ ម៉ាឡាអ៊ីកាត់(ជីព្រីល)បានមកកាន់លោក ហើយនិយាយថា៖ ចូរអ្នកអាន។ លោកបានតបថា៖ “ខ្ញុំមិនចេះអានទេ”។ លោកបានមានប្រសាសន៍ថា៖ “ពេលនោះ ម៉ាឡាអ៊ីកាត់ក៏បានស្ទុះមកអោបរឹតខ្ញុំ រហូតខ្ញុំប្រឹងរើបម្រាស់យ៉ាងខ្លាំង។ ក្រោយមក គេក៏ព្រលែងខ្ញុំវិញ ហើយនិយាយថា៖ ចូរអ្នកអានទៅ។ ខ្ញុំបានឆ្លើយថា៖ ខ្ញុំមិនចេះអានទេ។ ពេលនោះ គេក៏បានចាប់អោបរឹតខ្ញុំជាលើកទីពីរ រហូតខ្ញុំប្រឹងរើបម្រាស់យ៉ាងខ្លាំង។ បន្ទាប់មក គេក៏ព្រលែងខ្ញុំវិញ រួចនិយាយថា៖ ចូរអ្នកអាន។ ខ្ញុំបានឆ្លើយថា៖ ខ្ញុំមិនចេះអានទេ។ ពេលនោះ គេក៏ចាប់អោបរឹតខ្ញុំជាលើកទីបីទៀត បន្ទាប់មក គេក៏ព្រលែងខ្ញុំវិញ រួចពោលថា៖ ﴿إِقْرَاءْ بِاسْمِ رَبِّكَ الَّذِيْ خَلَقَ، خَلَقَ اْلإِنْسَانَ مِنْ عَلَقٍ، إِقْرَاءْ وَرَبُّكَ اْلأَكْرَامُ﴾ មានន័យថា៖ “ចូរអ្នកសូត្រក្នុងនាមម្ចាស់របស់អ្នកដែលបានបង្កើត(អ្វីៗទាំងអស់)ចុះ។ ទ្រង់បានបង្កើតមនុស្សលោកពីកំណកឈាមមួយដុំ។ ចូរអ្នកសូត្រចុះ ហើយម្ចាស់របស់អ្នកមហាសប្បុរស”។ បន្ទាប់មក រ៉ស៊ូលុលឡោះ ﷺ បាននាំពាក្យសម្ដីទាំងនេះវិលត្រឡប់មក(គេហដ្ឋាន)វិញទាំងបេះដូងរបស់លោកភ័យញាប់ញ័រ រួចលោកបានចូលទៅជួបនឹងខទីហ្ជះ ពិនទី ឃូវៃឡិត رضي الله عنها ហើយបានមានប្រសាសន៍ថា៖ “សូមអ្នកដណ្តប់ភួយឲ្យខ្ញុំ។ សូមអ្នកដណ្តប់ភួយឲ្យខ្ញុំ”។ ពេលនោះ ខទីហ្ជះក៏បានយកភួយដណ្តប់ឲ្យលោក រហូតដល់លោកបាត់ភ័យខ្លាច។ លោកបាននិយាយប្រាប់ខទីហ្ជះនូវរឿងរ៉ាវ(ដែលលោកបានជួប)នោះថា៖ “ខ្ញុំពិតជាមានការព្រួយបារម្ភចំពោះខ្លួនខ្ញុំណាស់”។ ខទីហ្ជបានតបទៅវិញថា៖ ទេ! សូមស្បថនឹងអល់ឡោះ! អល់ឡោះជាម្ចាស់ទ្រង់មិនធ្វើបាបអ្នកជាដាច់ខាត។ ជាការពិតណាស់ អ្នកជាអ្នកដែលភ្ជាប់ទំនាក់ទំនងសាច់ញាតិ ជាអ្នករ៉ាប់រងបន្ទុក ជួយដល់ទុគ៌តជន ជាអ្នកដែលទទួលភ្ញៀវ និងជាអ្នកដែលជួយដល់អ្នកដែលរងគ្រោះ។ ក្រោយមក ខទីហ្ជះក៏បាននាំលោកទៅជួបនឹងជីដូនមួយរបស់ខ្លួនដែលមានឈ្មោះថា វ៉ារ៉កោះ ពិន ណាវហ្វាល់ ពិន អាសាត់ ពិន អាប់ទុលអ៊ុសហ្សា ដែលជាបុគ្គលកាន់សាសនាគ្រឹស្ទាននៅក្នុងសម័យកាលអវិជ្ជា(ជើហ៊ីលីយ៉ះ) ហើយគាត់បានសរសេរសៀវភៅជាភាសាហេព្រើ ដោយគាត់សរសេរដកស្រង់ចេញពីគម្ពីរអិញជីលតាមភាសាហេព្រើនូវអ្វីដែលអល់ឡោះមានចេតនាឲ្យគាត់សរសេរ។ គាត់ជាព្រឹទ្ធាចារ្យធំម្នាក់ តែជាមនុស្សពិការភ្នែក។ ពេលនោះ ខទីហ្ជះបាននិយាយទៅកាន់គាត់ថា៖ ឱជីដូនមួយ! សូមអ្នកស្តាប់ក្មួយរបស់អ្នក។ វ៉ារ៉កោះបាននិយាយទៅកាន់ណាពី ﷺ ថា៖ ឱក្មួយប្រុសរបស់ខ្ញុំ! តើអ្នកបានឃើញអ្វីខ្លះ? ពេលនោះ រ៉ស៊ូលុលឡោះ ﷺ បានប្រាប់វ៉ារ៉កោះនូវអ្វីដែលលោកបានឃើញ។ វ៉ារ៉កោះក៏បាននិយាយទៅកាន់លោកថា៖ នេះជាម៉ាឡាអ៊ីកាត់ជីព្រីលដែលអល់ឡោះបានឱ្យគេចុះមកជួបនឹងណាពីមូសា។ ឱអនិច្ចាខ្លួនខ្ញុំ! ខ្ញុំប្រាថ្នាថាខ្ញុំនៅក្មេង ហើយអាចរស់បានរហូតដល់ពេលដែលក្រុមរបស់អ្នកនឹងបណ្តេញអ្នកចេញ។ រ៉ស៊ូលុលឡោះ ﷺ បានសួរថា៖ “តើពួកគេជាអ្នកដែលបណ្តេញខ្ញុំចេញឬ”? គាត់បានឆ្លើយថា៖ បាទ (ពិតមែនហើយ)។ គ្មានបុរសណាម្នាក់ដែលបានពាំនាំរឿងរាវដូចដែលអ្នកបាននាំមកនេះឡើយ លើកលែងតែរូបគេត្រូវបានគេប្រឆាំង។ ប្រសិនបើខ្ញុំ(នៅមានជីវិត)ទាន់ថ្ងៃរបស់អ្នក ប្រាកដជាខ្ញុំនឹងជួយពង្រឹងអ្នកជាមិនខាន។ ក្រោយមក មិនយូរប៉ុន្មាន វ៉ារ៉កោះក៏បានទទួលមរណភាព ហើយវ៉ាហ៊ីក៏បានដាច់មួយរយៈ។

[صحيح] - [متفق عليه] - [صحيح البخاري - 3]

Explanation

អ៊ុមមុលមុមីនីន អាអ៊ីស្ហះ رضي الله عنها បានប្រាប់ថា ពិតប្រាកដណាស់ វ៉ាហ៊ីដែលបានមកដល់រ៉ស៊ូលុលឡោះ ﷺ ដំបូងគេបង្អស់នោះគឺ ការយល់សុបិនពិតនៅក្នុងដំណេក។ រាល់សុបិនដែលលោកបានឃើញនៅក្នុងដំណេករបស់លោក គឺតែងតែកើតឡើងយ៉ាងច្បាស់លាស់ប្រៀបបាននឹងពន្លឺអារុណ្ណោភាសរះឡើង។ ក្រោយមក លោកចូលចិត្តនៅស្ងាត់តែម្នាក់ឯង។ លោកធ្លាប់ស្ថិតនៅតែឯងក្នុងរូងភ្នំហ៊ីរ៉កដោយលោកធ្វើសក្ការៈចំពោះអល់ឡោះនៅទីនោះជាច្រើនយប់មុននឹងលោកត្រឡប់ទៅកាន់ក្រុមគ្រួសាររបស់លោកវិញ ហើយលោកក៏បានត្រៀមស្បៀងអាហារសម្រាប់ស្នាក់នៅក្នុងរូងនោះផងដែរ។ ក្រោយមក លោកបានវិលត្រឡប់ទៅកាន់អ៊ុមមុលមុមីនីន ខទីហ្ជះ رضي الله عنها រួចលោកបានត្រៀមរៀបចំស្បៀងដូច្នោះទៀតសម្រាប់រយៈពេលជាច្រើនយប់នោះ រហូតដល់សេចក្តីពិតបានមកដល់លោកក្នុងពេលដែលលោកកំពុងស្ថិតនៅក្នុងរូងភ្នំហ៊ីរ៉ក។ ម៉ាឡាអ៊ីកាត់ជីព្រីល អាឡៃហ៊ីស្សាឡាម បានមកកាន់លោក ហើយនិយាយទៅកាន់លោកថា៖ ចូរអ្នកអាន។ ណាពី ﷺ បានតបថា៖ ខ្ញុំមិនចេះអានទេ។ លោកបានមានប្រសាសន៍ថា៖ ពេលនោះ ម៉ាឡាអ៊ីកាត់ក៏បានអោបរឹតខ្ញុំ រហូតខ្ញុំប្រឹងរើបម្រាស់យ៉ាងខ្លាំង។ ក្រោយមក ទើបគេលែងខ្ញុំវិញ ហើយនិយាយថា៖ ចូរអ្នកអាន។ ខ្ញុំបានឆ្លើយថា៖ ខ្ញុំមិនចេះអានទេ។ ពេលនោះ គេក៏បានចាប់អោបរឹតខ្ញុំជាលើកទីពីរ រហូតខ្ញុំប្រឹងរើបម្រាស់យ៉ាងខ្លាំង។ បន្ទាប់មក គេក៏លែងខ្ញុំវិញ ហើយនិយាយថា៖ ចូរអ្នកអាន។ ខ្ញុំបានឆ្លើយថា៖ ខ្ញុំមិនចេះអានទេ។ ក្រោយមក គេក៏បានចាប់អោបរឹតខ្ញុំជាលើកទីបីទៀត បន្ទាប់មក គេក៏លែងខ្ញុំវិញ រួចពោលថា៖ ﴿إِقْرَاءْ بِاسْمِ رَبِّكَ الَّذِيْ خَلَقَ، خَلَقَ اْلإِنْسَانَ مِنْ عَلَقٍ، إِقْرَاءْ وَرَبُّكَ اْلأَكْرَامُ﴾ មានន័យថា៖ “ចូរអ្នកសូត្រក្នុងនាមម្ចាស់របស់អ្នកដែលបានបង្កើត(អ្វីៗទាំងអស់)ចុះ។ ទ្រង់បានបង្កើតមនុស្សលោកពីកំណកឈាមមួយដុំ។ ចូរអ្នកសូត្រចុះ ហើយម្ចាស់របស់អ្នកមហាសប្បុរស”។ (អាល់អាឡឹក៖១-៣) ក្រោយមក រ៉ស៊ូលុលឡោះ ﷺ បាននាំអាយ៉ាត់ទាំងនេះវិលត្រឡប់ទៅកាន់គេហដ្ឋានរបស់លោកវិញទាំងបេះដូងរបស់លោកភ័យញាប់ញ័រដោយភ័យខ្លាចសេចក្តីស្លាប់ រួចលោកបានចូលទៅជួបនឹងភរិយារបស់លោក អ៊ុមមុលមុមីនីន ខទីហ្ជះ ពិនទី ឃូវៃឡិត رضي الله عنها ហើយបានមានប្រសាសន៍ថា៖ សូមអ្នកយកភួយដណ្តប់ឲ្យខ្ញុំផង។ សូមអ្នកយកភួយដណ្តប់ឲ្យខ្ញុំផង។ ពេលនោះ ខទីហ្ជះក៏បានយកភួយដណ្តប់ឲ្យលោក រហូតដល់លោកបាត់ភ័យខ្លាច។ ក្រោយមក លោកក៏បានរ៉ាយរ៉ាប់នូវរឿងរ៉ាវដែលលោកបានជួបនោះប្រាប់ដល់ខទីហ្ជះ ហើយលោកបានមានប្រសាសន៍ថា៖ ខ្ញុំពិតជាមានការព្រួយបារម្ភខ្លាចសេចក្តីស្លាប់ធ្លាក់មកលើខ្លួនខ្ញុំណាស់។ ខទីហ្ជះបានតបទៅវិញថា៖ មិនដូច្នោះទេ! សូមស្បថនឹងអល់ឡោះ! អល់ឡោះជាម្ចាស់ទ្រង់មិនធ្វើបាបអ្នកជាដាច់ខាត។ ជាការពិតណាស់ អ្នកជាអ្នកដែលភ្ជាប់ទំនាក់ទំនងសាច់ញាតិ ជាអ្នកគាំពារអ្នកទន់ខ្សោយដែលគ្មានសមត្ថភាពមើលថែកិច្ចការផ្ទាល់ខ្លួនរបស់ពួកគេ ជាអ្នកជួយដល់ជនក្រីក្រតោកយ៉ាកដោយអ្នកផ្តល់ឲ្យពួកគេនូវអ្វីដែលពួកគេគ្មាន ជាអ្នកដែលទទួលភ្ញៀវ និងជាអ្នកដែលជួយដល់អ្នកដែលរងគ្រោះផ្សេងៗ។ ក្រោយមក ខទីហ្ជះក៏បាននាំលោកទៅជួបនឹងជីដូនមួយរបស់គាត់ដែលមានឈ្មោះថា វ៉ារ៉កោះ ពិន ណាវហ្វាល់ ពិន អាសាត់ ពិន អាប់ទុលអ៊ុសហ្សា។ គាត់បានបោះបង់សាសនាដែលអវិជ្ជា ហើយក៏បានក្លាយជាអ្នកកាន់សាសនាគ្រឹស្ទាន។ គាត់បានសរសេរដកស្រង់ចេញពីគម្ពីរអិញជីលតាមភាសាហេព្រើនូវអ្វីដែលអល់ឡោះមានចេតនាឲ្យគាត់សរសេរ។ គាត់ជាព្រឹទ្ធាចារ្យធំម្នាក់ តែជាមនុស្សពិការភ្នែក។ ពេលនោះ ខទីហ្ជះបាននិយាយទៅកាន់គាត់ថា៖ ឱជីដូនមួយ! សូមអ្នកស្តាប់ក្មួយរបស់អ្នក។ វ៉ារ៉កោះបានសួរណាពី ﷺ ថា៖ ឱក្មួយប្រុសរបស់ខ្ញុំ! តើអ្នកបានឃើញអ្វីខ្លះ? ពេលនោះ រ៉ស៊ូលុលឡោះ ﷺ បានប្រាប់វ៉ារ៉កោះនូវអ្វីដែលលោកបានឃើញ។ វ៉ារ៉កោះក៏បាននិយាយទៅកាន់លោកថា៖ នេះជាម៉ាឡាអ៊ីកាត់ជីព្រីលដែលអល់ឡោះបានឱ្យគេចុះមកជួបនឹងណាពីរបស់ទ្រង់ មូសា អាឡៃហ៊ីស្សាឡាម។ ឱអនិច្ចាខ្លួនខ្ញុំ! ខ្ញុំប្រាថ្នាថាខ្ញុំនៅក្មេង ហើយអាចរស់បានរហូតដល់ពេលដែលក្រុមរបស់អ្នកនឹងបណ្តេញអ្នកចេញ។ រ៉ស៊ូលុលឡោះ ﷺ បានសួរថា៖ តើពួកគេជាអ្នកដែលបណ្តេញខ្ញុំចេញឬ? គាត់បានឆ្លើយថា៖ បាទ (ពិតមែនហើយ)។ គ្មានបុរសណាម្នាក់ដែលបានពាំនាំរឿងរាវដូចដែលអ្នកបាននាំមកនេះឡើយ លើកលែងតែរូបគេត្រូវបានគេធ្វើទុក្ខបុកម្នេញ និងប្រឆាំង។ ប្រសិនបើខ្ញុំ(នៅមានជីវិត)ទាន់ថ្ងៃរបស់អ្នក ប្រាកដជាខ្ញុំនឹងជួយដល់អ្នកយ៉ាងខ្លាំងក្លាជាមិនខាន។ ក្រោយមក មិនយូរប៉ុន្មាន វ៉ារ៉កោះក៏បានទទួលមរណភាព ហើយវ៉ាហ៊ីក៏បានដាច់មួយរយៈ។

Benefits from the Hadith

  1. បញ្ជាក់ពីការចាប់ផ្តើមបញ្ចុះវ៉ាហ៊ីទៅកាន់ណាពី ﷺ ។
  2. ការយល់សុបិនរបស់ណាពី ﷺ គឺជាប្រភេទមួយនៃវ៉ាហ៊ី។
  3. បង្គាប់ប្រើឲ្យត្រៀមស្បៀង ហើយវាមិនផ្ទុយនឹងការប្រគល់ការទុកចិត្តលើអល់ឡោះឡើយ។ ជាការពិតណាស់ ចៅហ្វាយនៃអ្នកដែលប្រគល់ការទុកចិត្តទាំងឡាយ ﷺ ក៏លោកបានត្រៀមស្បៀងទុកដែរ។
  4. ភាពពេញលេញនៃក្តីសប្បុរសរបស់អល់ឡោះជាម្ចាស់ដោយទ្រង់បានបង្រៀនខ្ញុំបម្រើទាំងឡាយរបស់លោកនូវអ្វីដែលពួកគេពុំបានដឹង និងបានចម្លងពួកគេពីភាពងងឹតនៃភាពអវិជ្ជាទៅកាន់ពន្លឺនៃចំណេះដឹង។
  5. ឧត្តមភាពនៃការកត់ត្រា ត្បិតការកត់ត្រាផ្តល់នូវផលប្រយោជន៍យ៉ាងច្រើនរាប់មិនអស់ ពីព្រោះតាមរយៈការកត់ត្រានេះឯងដែលនាំឲ្យចំណេះដឹងត្រូវបានចងក្រង ក្បួនច្បាប់ត្រូវបានថែរក្សា ប្រវត្តិសាស្រ្តជំនាន់ដើមត្រូវបានទុកជាឯកសារ គម្ពីរទាំងឡាយរបស់អល់ឡោះដែលបានបញ្ចុះមកត្រូវបានការពារ ហើយទាំងកិច្ចការសាសនា និងកិច្ចការលោកិយត្រូវបានរក្សាជានិរន្ត។
  6. អាយ៉ាត់ដំបូងគេបង្អស់នៃគម្ពីរគួរអានដែលត្រូវបានគេបញ្ចុះមកគឺ៖ “اقْرَأْ بِاسْمِ رَبِّكَ الَّذِي خَلَقَ”។
  7. អត្តចរិតល្អថ្លៃថ្នូរ និងអំពើល្អផ្សេងៗ គឺជាមូលហេតុនាំឲ្យទទួលបាននូវសុខសុវត្ថិភាពពីប្រការអាក្រក់ទាំងឡាយ។ ហេតុនេះ ជនណាមានអត្តចរិតល្អថ្លៃថ្នូរ និងអំពើល្អផ្សេងៗកាន់តែច្រើន នោះលទ្ធផលចុងក្រោយរបស់គេក៏បានល្អ ហើយសង្ឃឹមថានឹងទទួលបាននូវសុខសុវត្ថិភាពទាំងសាសនា និងលោកិយ។
  8. អនុញ្ញាតឲ្យសរសើរបុគ្គលនៅចំពោះមុខក្នុងករណីដែលមានប្រយោជន៍។
  9. គប្បីផ្តល់ភាពកក់ក្តៅ និងភាពរីករាយដល់អ្នកដែលមានការភ័យខ្លាច និងរំលឹកពីមូលហេតុដែលនាំឲ្យទទួលបានសុវត្ថិភាពពីភាពភ័យខ្លាចនោះ។
  10. ភស្តុតាងដ៏ចម្បង និងធំធេងជាងគេដែលបង្ហាញពីភាពពេញលេញរបស់អ្នកស្រីខទីហ្ជះ رضي الله عنها ភាពច្បាស់លាស់នៃគោលគំនិតរបស់នាង ភាពរឹងមាំនៃដួងព្រលឹងរបស់នាង និងភាពទូលំទូលាយនៃការយល់ដឹងរបស់នាងនោះ គឺនាងបានសង្ខេបចំណុច និងគោលការណ៍សំខាន់ៗអំពីសីលធម៌ដ៏ថ្លៃថ្នូរ នៅពេលរៀបរាប់អំពីលក្ខណៈរបស់ណាពី ﷺ ព្រោះអំពើសប្បុរសគឺអាចធ្វើទៅចំពោះសាច់ញាតិ ឬអ្នកឆ្ងាយដោយកម្លាំងកាយ ឬទ្រព្យសម្បត្តិ ដល់អ្នកទន់ខ្សោយដែលគ្មានសមត្ថភាពមើលថែកិច្ចការផ្ទាល់ខ្លួនរបស់ពួកគេ ឬអ្នកដែលគ្មានទីពឹង។ នៅទីនេះ អ្នកស្រីខទីហ្ជះ បាននិយាយរៀបរាប់អំពីសីលធម៌ដ៏ថ្លៃថ្នូយ៉ាងច្រើនរបស់ណាពី ﷺ ក្នុងពេលដ៏សមស្របបំផុត។
  11. ជនណាដែលជួបបញ្ហាអ្វីមួយ គឺត្រូវបានគេណែនាំឱ្យនិយាយជាមួយមនុស្សដែលខ្លួនទុកចិត្ត ដើម្បីសុំដំបូន្មាន និងគំនិតយោបល់ពីរូបគេ។
Translation: English Indonesian Bengali Sinhala Vietnamese Tagalog Kurdish Hausa Portuguese Swahili Thai Assamese amharic Dutch Gujarati Dari Romanian Hungarian الجورجية المقدونية الماراثية
View Translations