عَنْ أَبِي عَبْدِ اللَّهِ النُّعْمَانِ بْنِ بَشِيرٍ رَضِيَ اللَّهُ عَنْهُ، قَالَ: سَمِعْتُ رَسُولَ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّم يَقُولُ:
«إنَّ الحَلَالَ بَيِّنٌ، وَإِنَّ الحَرَامَ بَيِّنٌ، وَبَيْنَهُمَا مُشْتَبِهَاتٌ لَا يَعْلَمُهُنَّ كَثِيرٌ مِنَ النَّاسِ، فَمَنْ اتَّقَى الشُّبُهَاتِ اسْتَبْرَأَ لِدِينِهِ وَعِرْضِهِ، وَمَنْ وَقَعَ فِي الشُّبُهَاتِ وَقَعَ فِي الحَرَامِ، كَالرَّاعِي يَرْعَى حَوْلَ الحِمَى يُوشِكُ أَنْ يَرْتَعَ فِيهِ، أَلَا وَإِنَّ لِكُلِّ مَلِكٍ حِمًى، أَلَّا وَإِنَّ حِمَى اللَّهِ مَحَارِمُهُ، أَلَّا وَإِنَّ فِي الجَسَدِ مُضْغَةً إذَا صَلَحَتْ صَلَحَ الجَسَدُ كُلُّهُ، وَإذَا فَسَدَتْ فَسَدَ الجَسَدُ كُلُّهُ، أَلَا وَهِيَ القَلْبُ».
[صحيح] - [رواه البخاري ومسلم] - [الأربعون النووية: 6]
المزيــد ...
អំពី អាពូអាប់ទុលឡោះ អាន់នួកម៉ាន ពិន ហ្ពាសៀរ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ពិតប្រាកដណាស់ ប្រការដែលគេអនុញ្ញាតឲ្យ(ប្រការហាឡាល់) គឺច្បាស់លាស់ ហើយប្រការដែលគេហាមឃាត់(ប្រការហារ៉ាំ) ក៏ច្បាស់លាស់ដែរ។ ប៉ុន្ដែនៅរវាងប្រការទាំងពីរនេះ គឺមានប្រការមិនច្បាស់លាស់ជាច្រើនដែលមនុស្សភាគច្រើនមិនដឹងឡើយ។ ហេតុនេះ បុគ្គលណាការពារខ្លួនពីប្រការមិនច្បាស់លាស់ គេប្រាកដជាមានសុវត្ថិភាពចំពោះសាសនា និងកិត្ដិយសរបស់ខ្លួន។ ហើយជនណាដែលធ្លាក់ក្នុងប្រការមិនច្បាស់លាស់ គឺគេនឹងធ្លាក់ទៅក្នុងប្រការដែលគេហាមឃាត់ ប្រៀបដូចជាអ្នកគង្វាលដែលយកសត្វទៅឃ្វាលនៅជុំវិញរបងដែលស្ទើរតែធ្វើឲ្យសត្វស៊ីដំណាំនៅក្នុងរបងនោះ។ ជាការពិតណាស់ គ្រប់មហាក្សត្រទាំងអស់សុទ្ធតែមានតំបន់ហាមឃាត់ ហើយពិតណាស់ តំបន់ហាមឃាត់របស់អល់ឡោះនោះ គឺប្រការដែលទ្រង់បានហាមឃាត់។ ពិតណាស់ នៅក្នុងខ្លួនប្រាណនីមួយៗ គឺមានសាច់មួយដុំ។ ប្រសិនបើសាច់នោះល្អ ខ្លួនប្រាណទាំងមូលក៏ល្អដែរ។ តែប្រសិនបើសាច់នោះខូចវិញ ខ្លួនប្រាណទាំងមូលក៏ខូចដែរ។ ប្រាកដណាស់ វានោះគឺចិត្ដ”។
[صحيح] - [رواه البخاري ومسلم] - [الأربعون النووية - 6]
ណាពី ﷺ លោកបានបញ្ជាក់ប្រាប់ពីរូបមន្ត ឬគោលការណ៍សំខាន់មួយចំពោះគ្រប់អ្វីៗទាំងអស់។ ពិតប្រាកដណាស់ គេបែងចែកច្បាប់បញ្ញត្តិឥស្លាមជាបីប្រភេទគឺ ប្រការដែលគេអនុញ្ញាតច្បាស់លាស់ ប្រការដែលគេហាមឃាត់ច្បាស់លាស់ និងប្រការដែលមិនមានភាពច្បាស់លាស់ ថាតើវាត្រូវបានអនុញ្ញាត ឬត្រូវបានហាមឃាត់ ដែលមនុស្សភាគច្រើនមិនដឹងពីច្បាប់របស់វានោះឡើយ។
ដូចនេះ ជនណាដែលបោះបង់ ឬចៀសវាងប្រការដែលមិនច្បាស់លាស់ទាំងនោះ សាសនារបស់គេនឹងមានសុវត្ថិភាពដោយបានឃ្លាតឆ្លាយពីការធ្លាក់ទៅក្នុងប្រការដែលគេហាមឃាត់ ហើយកិត្តិយសរបស់គេខ្លួនឯងក៏មានសុវត្ថិភាពពីពាក្យសម្តីមនុស្សដែលនិយាយនិន្ទា ឬរិះគន់មកលើរូបគេចំពោះការធ្លាក់ទៅក្នុងប្រការដែលមិនច្បាស់លាស់ទាំងនោះផងដែរ។ រីឯជនណាដែលមិនចៀសវាងប្រការដែលមិនច្បាស់លាស់ទាំងនោះទេ ពិតណាស់រូបគេបានដាក់ខ្លួនឯងឲ្យប្រឈមមុខនឹងបញ្ហា អាចតាមរយៈការធ្លាក់ចូលទៅក្នុងប្រការដែលគេហាមឃាត់ ឬក៏អាចទទួលនូវពាក្យតិទៀនប៉ះពាល់ដល់កិត្តិយសរបស់គេខ្លួនឯងក៏ថាបាន។ ហើយរ៉ស៊ូលុលឡោះ ﷺ លោកបានលើកឧទាហរណ៍មួយមកប្រៀបធៀបដើម្បីបញ្ជាក់ពីស្ថានភាពអ្នកដែលធ្លាក់ទៅក្នុងប្រការដែលមិនច្បាស់លាស់ គឺជននោះប្រៀបដូចជាអ្នកគង្វាលម្នាក់ដែលឃ្វាលសត្វពាហនៈរបស់ខ្លួននៅជិតដីមួយកន្លែងដែលម្ចាស់ដីបានធ្វើរបងការពារ ដោយសត្វពាហនៈទាំងនោះស្ទើរតែស៊ីដំណាំដែលនៅក្នុងរបងទៅហើយព្រោះតែអ្នកគង្វាលនោះឃ្វាលសត្វនៅក្បែររបងពេក។ ក៏ដូចគ្នាដែរ អ្នកដែលធ្វើនូវប្រការដែលមិនមានភាពច្បាស់លាស់(ថាតើវាត្រូវបានអនុញ្ញាតឬអត់) ព្រោះតែរូបគេធ្វើនូវប្រការដែលមិនមានភាពច្បាស់លាស់ដែលនៅកៀកនឹងប្រការដែលគេហាមឃាត់ គឺអាចនឹងឲ្យរូបគេធ្លាក់ទៅក្នុងប្រការដែលគេហាមឃាត់តែម្តងក៏អាចថាបាន។ ក្រោយមក ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ នៅក្នុងខ្លួនមនុស្សមានសាច់មួយ(គឺបេះដូង=ចិត្ត) ដែលរូបកាយទាំងមូលនឹងបានល្អ ប្រសិនបើសាច់នោះល្អ។ តែប្រសិនបើសាច់នោះមិនល្អ ខូច រូបកាយទាំងមូលក៏នឹងត្រូវខូច មិនល្អដូចគ្នាដែរ។